ចាប់ពីថ្ងៃព្រហស្បតិ៍ ៧កើត ដល់ថ្ងៃសុក្រ ៨កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងនាមជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្មដល់កសិធុរកិច្ច កសិករពាណិជ្ជកម្ម និងតំណាងសហគមន៍កសិកម្ម” នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក លឹម ឡែត ប្រធានស្តីទីនាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងជាអនុប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៃគម្រោង ACSEP-PIU1 ដែលជាតំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយអំពីសាវតារ បច្ចុប្បន្នភាព ព្រមទាំងគោលនយោបាយ ឥណទាន បែបបទ និងនីតិវិធីក្នុងការស្នើសុំឥណទាននៃគម្រោង ACSEP។ ឥណទាននេះជាប្រភេទឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ ក្នុងគោលដៅជួយគាំទ្រ និងផ្តល់លទ្ធភាពដល់សហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករពាណិជ្ជកម្មក្នុងខេត្តទាំងពីរ ក្នុងការទទួលបានប្រភពហិរញ្ញប្បទានដើម្បីពង្រីក អាជីវកម្ម និងសង្វាក់ផលិតកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។
នៅក្នុងអង្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពីតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច និងកសិករពាណិជ្ជកម្ម មន្ត្រី និងទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ACSEP-PIU1 តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ព្រមទាំងតំណាងស្ថាប័នហិរញ្ញវត្ថុដៃគូសំខាន់ៗចំនួនពីរ គឺ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។