ចាប់ពីថ្ងៃចន្ទ ១២រោច ដល់ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទាននៃគម្រោង ACSEP" ដល់កសិធុរកិច្ច តំណាងសហគមន៍កសិកម្ម និងកសិករផលិត, ក្រោមការដឹកនាំរបស់ លោក ណង សេរីវុធ ប្រធានស្តីទីនាយកដ្ឋានស្រាវជ្រាវនៃ ន.ប.ធ. និងជាប្រធានស្តីទីផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP 
ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់កសិធុរកិច្ច តំណាងសហគមន៍កសិកម្ម និងកសិករផលិត ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយ កសិធុរកិច្ច តំណាងសហគមន៍កសិកម្ម និងកសិករផលិត, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង២, និងស្ថាប័នហិញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។