ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពអនុវត្តគម្រោងស្តីពីការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទាន និងពិគ្រោះយោបល់លើនីតិវិធីហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមការដិកនាំសម្របសម្រួលដោយឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដិកនាំនិងមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។ សិក្ខាសាលាមានគោលបំណងជម្រញនូវការបញ្ចេញហិរញ្ញប្បទានដល់កសិធុរកិច្ចដែលមានអាជីវកម្ម លក្ខណខ្នាតធំ តាមរយៈការផ្សព្វផ្សាយជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធអំពីគោលនយោបាយផ្តល់កម្ចីជាមួយលក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP និងកិច្ចពិភាក្សាពិគ្រោះយោបល់លើនីតិវិធីពាក់ព័ន្ធមួយចំនួន។
2026-06-25