នៅថ្ងៃអង្គារ ១២កើត ខែស្រាណណ៍ ដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម (DAI) គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម (DACP) ទីប្រឹក្សាគម្រោងផ្នែកផែនការធុរកិច្ច (AVCC) មន្ត្រីគម្រោងសម្របសម្រួលថ្នាក់ខេត្ត (PC/AVCC) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះសម្របសម្រួលរៀបចំធ្វើកិច្ចព្រមព្រៀងលិខិតសម្ដែងពីគោលបំណងក្នុងភាពជាដៃគូអាជីវកម្ម (IBPs) ជូនដល់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម រួមមាន៖
១). ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ១ (ក្រុមហ៊ុនភិនិចអាហ្គ្រោ ឯ.ក Pinex Agro Co., Ltd)
២). ក្រុមហ៊ុនបាណនប្រមូលទិញបន្លែចំនួន ១ និងអ្នកប្រមូលទិញបន្លែផ្សាររំលងចំនួន ១
៣). គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ចំនួន ១៤ សហគមន៍
🔹 អ្នកចូលរួមសរុបមានចំនួន ៤៨នាក់ (ស្រ្តី ១៣នាក់)
ក្នុងកំឡុងពេលនៃជំនួបពិភាក្សានេះ ក្រុមការងារ DAI និងក្រុមទីប្រឹក្សា AVCC បានបកស្រាយ ពន្យល់ និងណែនាំយ៉ាងលម្អិតអំពី៖
១). សារ:សំខាន់ និងអត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming)
២). ការបង្កើនភាពជាសហគ្រិន និងការធ្វើពាណិជ្ជកម្មកសិកម្មប្រកបដោយចីរភាព
៣). ការពន្យល់អំពីអត្ថប្រយោជន៍ និងការបំពេញទម្រង់កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន (IBPs) រវាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម ឬអ្នកធ្វើធុរកិច្ចកសិកម្មក្នុងគម្រោង ACSEP
៤). ការរៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយ និងបន្លែ។
ជាលទ្ធផល ភាគីសហគមន៍កសិកម្ម អ្នកប្រមូលទិញ និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីបានយល់ព្រមលើចំណុចសំខាន់ៗ រួមមាន៖
- ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្នចំនួន ១២ (12 IBPs)
- សហគមន៍កសិកម្មនីមួយៗ នឹងរៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់បន្លែ និងស្វាយចន្ទី ស្របតាមតម្រូវការដែលភាគីអ្នកទិញបានស្នើឡើង
- ក្រុមការងារ នឹងបន្តដឹកនាំសម្របសម្រួលជាមួយសហគមន៍កសិកម្មដែលពុំទាន់បានបំពេញ ឬជួបជាមួយនិងសហគ្រាសកសិម្ម ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មរួមគ្នាតាមរយៈយន្តការពង្រឹងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន (IBPs) បន្ថែមទៀត៕