ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ រួមសហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយលោក គុយ ភក្តី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ទាក់ទងទៅនឹងលក្ខណៈវិនិច្ឆ័យសមស្របនៃការជ្រើសរើសកសិករដែលនឹងទទួលបានមាន់មេបាពូជពីគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់​តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម ​(ACSEP) ព្រមទាំងបានចុះពិនិត្យមើលកសិករដើម្បីបង្ហាញពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសកសិករដែលនឹងទទួលបានមាន់រួមមាន ប្រវត្តិ និងបទពិសោធន៍នៃការចិញ្ចឹមសត្វ ភាពឧស្សាហ៍ព្យាយាមនៃការអនុវត្តការចិញ្ចឹមសត្វជាក់ស្តែង ទីតាំងសាងសង់ទ្រុងមាន់សមស្រប មានទឹកស្អាត និងភ្លើង ចំនួន​​ ០១កន្លែង ដែលមានទីតាំងស្ថិតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានសម្ភាស និងចុះពិនិត្យ សិក្សាទីតាំងរបស់កសិករខាងលើ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ យល់ឃើញថា កសិករដែលបានចុះពិនិត្យមានលក្ខខណ្ឌសមស្របក្នុងការទទួលបានមាន់មេបាពូជពីគម្រោង។