នៅថ្ងៃចន្ទ ១២រោច ខែទុតិយាសាល ដល់ថ្ងៃសុក្រ ១កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម (DAI) គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម (DACP) ទីប្រឹក្សាគម្រោងផ្នែកផែនការធុរកិច្ច ទីប្រឹក្សាគម្រោងផ្នែកអភិវឌ្ឍន៍កសិធុរកិច្ច និងកិច្ចសន្យា (AVCCs) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះសម្របសម្រួលរៀបចំធ្វើកិច្ចព្រមព្រៀងលិខិតសម្ដែងពីគោលបំណងក្នុងភាពជាដៃគូអាជីវកម្ម (IBPs) ជូនដល់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម រួមមាន៖
១). សហគ្រាសកសិកម្មប្រមូលទិញដំឡូងមី (PAEs) ចំនួន ០២ ក្រុមហ៊ុន (ក្រុមហ៊ុន រ៉ាទ្រី និង ក្រុមហ៊ុន ឆេង ង៉ិក)
២). ឈ្មួញប្រមូលទិញផលិតផលកសិកម្មតាមសេឡូចំនួន ០៦ រូប
៣). គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ចំនួន ០៧ សហគមន៍។
ក្នុងកំឡុងពេលនៃជំនួបពិភាក្សានេះ ក្រុមការងារ DAI និងក្រុមទីប្រឹក្សា AVCCs បានបកស្រាយ ពន្យល់ និងណែនាំយ៉ាងលម្អិតអំពី៖
១). សារ:សំខាន់ និងអត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming)
២). ការបង្កើនភាពជាសហគ្រិន និងការធ្វើពាណិជ្ជកម្មកសិកម្មប្រកបដោយចីរភាព
៣). ការពន្យល់ពីទម្រង់កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មជាមួយគម្រោង (IBPs)។
សកម្មភាពនៃការចុះរៀបចំ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀមផ្តោតលើ៖
១). ការរៀបចំឯកសារចុះកិច្ចសន្យាផលិតកម្មកសិកម្ម
២). ការរៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយ និងបន្លែ
៣). ការរៀបចំដំណេីរការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម
៤). ក្រុមការងារនឹងបន្តដឹកនាំសម្របសម្រួលជាមួយ សហគមន៍កសិកម្ម ដែលពុំទាន់បានបំពេញ ឬជួបជាមួយនឹងសហគ្រាសកសិកម្ម ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មរួមគ្នាតាមរយ:យន្តការពង្រឹងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្នបន្ថែមទៀត៕