ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទីប្រឹក្សាបច្ចេកទេសផ្នែកចិញ្ចឹមសត្វ និងទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្តនៃ AVCC សហការជាមួយមន្ត្រីគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានចុះពិនិត្យ និងវាយតម្លៃជ្រើសរើសកសិករចិញ្ចឹមមាន់ដែលមានសក្តានុពលទទួលបានមាន់មេបាពូជពីគម្រោង ចំនួន ៩កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ៧កន្លែងទៀត ក្នុងខេត្តកំពង់ចាម។ បេសកកម្មនេះមានគោលដៅជ្រើសរើសកសិករគំរូ ដើម្បីផ្តល់ជូនមេបាពូជមាន់ចំនួន ១១៥ក្បាល សម្រាប់ដំណើរការផលិតកូនមាន់អាយុ ៣ សប្តាហ៍ ដើម្បីផ្គត់ផ្គង់បន្តដល់កសិករចិញ្ចឹមមាន់សាច់ក្នុងសហគមន៍។ ជាលទ្ធផលរួម ក្រុមការងារសម្រេចជ្រើសរើសបាន កសិករជាប់លក្ខខណ្ឌតម្រូវសរុបចំនួន ១៣ នាក់ (ខេត្តត្បូងឃ្មុំ ៧នាក់ និងខេត្តកំពង់ចាម ៦នាក់)។ ជំហានបន្ទាប់ ក្រុមការងារនឹងបន្តតាមដាន និងគាំទ្របច្ចេកទេសដើម្បីឱ្យពួកគាត់បំពេញលក្ខខណ្ឌខ្វះខាតឱ្យបានរួចរាល់ មុននឹងឈានដល់ការប្រគល់មេបាពូជមាន់ជាផ្លូវការ។