ចាប់ពីថ្ងៃ១៨-១៩ ខែសីហា ឆ្នាំ២០២៦ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការវិនិយោគបង្កើតសត្តឃាតដ្ឋានបក្សី និងផ្សារលក់បក្សី នៅសណ្ឋាគារ ឈើន ប្រាក់កប។ សិក្ខាសាលានេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ សិក្ខាសាលានេះមានការចូលរួមពី ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ កសិករចិញ្ចឹមមាន់ ភ្នាក់ងារសុខភាពសត្វភូមិ ឈ្មួញកណ្តាលទិញលក់មាន់ និងអ្នកធ្វើអាជីវកម្មពិឃាតសត្វ(មាន់)នៅសត្តឃាតដ្ឋាន និង ទីប្រឹក្សាគម្រោងសរុបចំនួន ៤៤នាក់ ក្នុងនោះមានស្រ្តី  ១០នាក់។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សា ស្តីអំពីសមិទ្ធិលទ្ធភាពក្នុងការវិនិយោគបង្កើតផ្សារលក់បក្សី និងទីសត្តឃាតដ្ឋានបក្សី និងបញ្ជាក់ថាតើគម្រោង ACSEP គួរផ្តល់អាទិភាពដល់ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារលក់បក្សី និងទីសត្តឃាតដ្ឋានបក្សី ដែលមានស្រាប់ជាជាងការសិក្សាពីសមិទ្ធិលទ្ធភាពពេញលេញសម្រាប់ទីតាំងដែលត្រូវសាងសង់ថ្មីដែរឬទេ។