ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ ផ្នែកគាំពារសុវត្ថិភាពបរិស្ថាននិងសង្គម និងយេនឌ័រ និងផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ ទីប្រឹក្សាគម្រោង AVCC សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមសហគមន៍កសិកម្មចំនួន៥ រួមមាន៖
- សហគមន៍កសិកម្មសាលាវិស័យ
- សហគមន៍កសិកម្មសាគ្រាមអមតៈ
- សហគមន៍កសិកម្មចម្រើនផលមានជ័យ
- សហគមន៍កសិកម្មងនជោគជ័យសិរីសាមគ្គី
- សហគមន៍កសិកម្មព្រេនរីកចម្រើន។ 
សកម្មភាពនេះមានអ្នកចូលរួមសរុបចំនួន ៤៨រូប ក្នុងនោះស្ត្រីចំនួន ៣២រូប រួមមានតំណាងសហគមន៍កសិកម្ម មន្ត្រីកសិកម្មឃុំ និងជនជាតិដើមភាគតិច។
គោលបំណងនៃការចុះបំពេញការងារនេះ គឺដើម្បីជួបពិភាក្សាជាមួយគណៈកម្មការ និងសមាជិកសហគមន៍កសិកម្ម ព្រមទាំងផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍអាជីវកម្មរបស់សហគមន៍កសិកម្ម។ ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សា និងណែនាំ រួមមាន៖
- ការគ្រប់គ្រងស្ថាប័ន និងភាពជាអ្នកដឹកនាំ
- ការរៀបចំផែនការ និងការគ្រប់គ្រងអាជីវកម្ម
- ការរៀបចំបញ្ជីស្នាម និងការគ្រប់គ្រងហិរញ្ញវត្ថុ
- ប្រព័ន្ធព័ត៌មានទីផ្សារ ការភ្ជាប់ទីផ្សារ និងការស្វែងរកដៃគូមុខជំនួញ
- ការអនុវត្តកសិកម្មតាមកិច្ចសន្យា
- ការទទួលបានឥណទានពីធនាគារដៃគូ ដើម្បីពង្រីកអាជីវកម្មសហគមន៍កសិកម្ម
- ផែនការសកម្មភាពយេនឌ័រ ដែលពាក់ព័ន្ធនឹងការពង្រឹងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការលើកកម្ពស់យេនឌ័រ ការវិភាគយេនឌ័រ ការចូលរួមសម្រេចចិត្តរបស់ស្រ្តី និងការបញ្ជ្រាបយេនឌ័រនៅក្នុងសហគមន៍កសិកម្ម
- ការគាំពារសង្គមទៅលើការចិញ្ចឹមជីវិត ការប្រើប្រាស់ដីធ្លីនិងកម្មសិទ្ធ ការទទួលស្គាល់ភាសា វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី និងជំនឿ យន្តការដោះស្រាយបណ្តឹងសារទុក្ខ អត្ថប្រយោជន៍នៃកម្ចីឥណទានរបស់គម្រោង បញ្ហាប្រឈម ការសម្រេចចិត្តក្នុងគ្រួសារនិងសហគមន៍ សិទ្ធិក្នុងការទទួលបានព័ត៌មាននិងការគាំទ្រ និងតម្រូវការគាំទ្របន្ថែមរបស់ជនជាតិដើមភាគតិចគួយ។